ព័ត៌មានជាតិ

មន្ទីរជំនាញបាន ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុមុខកំពូល

 

ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាសវែងផ្ទាល់ ក្នុងឃុំព្រែកអញ្ចាញ ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដីព្រំដី និងផ្ដល់ព័ត៌មានឯកសារផ្សេងៗតាមនីតិវិធីដែលបានកំណត់ ដើម្បីក្រុមការងារនេះអាចដំណើរការបានល្អ និងឆាប់រហ័សក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង ជូនប្រជាពលរដ្ឋ។

 

ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ រួមមាន៖ ភូមិព្រែកតាបែន ភូមិព្រែកថ្មី ភូមិក្រោម ភូមិកណ្ដាល ភូមិលើ ភូមិកោះរកានិងភូមិឈើទាល ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

 

លោក ទៀង កុស្យារៈ បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈ ហ្មត់ចត់ច្បាស់លាស់ និងប្រើបច្ចេកទេសទំនើប និងមាន៥ដំណាក់កាលគឺ÷ ដំណាក់កាលទី១ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល, ដំណាក់កាលទី២ ចុះវាស់វែង និងប្រមូលទិន្នន័យ, ដំណាក់កាលទី៣ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ, ដំណាក់កាលទី៤ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលខេត្ត ពិនិត្យ និងស្នើសុំចេញប័ណ្ណកម្មសិទ្ធិ និងដំណាក់កាលទី៥ ចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ។

 

ក្នុងពិធីនេះដែរ លោក សាន វ៉ាន់ធុល អភិបាលរងស្រុកមុខកំពូល បាន​មានប្រសាសន៍​ថា គោលបំណង​នៃ​ការប្រជុំ​ផ្សព្វផ្សាយ​ថ្ងៃនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួមមាន​ការកំណត់​ព្រំដី ការវាស់វែង និង​ការវិនិច្ឆ័យ ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ អង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ ជាពិសេសគឺប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីផ្ទាល់តែម្ដង។

 

លោកបានបន្តថា ការចុះបញ្ជី​ដីធ្លី​នេះ​គឺ ត្រូវ​ចុះបញ្ជី​ទាំង​ដីឯកជន ទាំង​ដី​រដ្ឋ ដែល​អនុវត្ត​ទៅតាម​នីតិវិធី និង​បច្ចេក វិទ្យា​ទំនើប មាន​តម្លាភាព និង​ការ​ទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក បាននិងកំពុង​អនុវត្ត ប្រកបដោយប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី ហើយការចុះបញ្ជី​ដីធ្លីគឺមានសារៈសំខាន់បំផុត ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ទំនាស់​ដីធ្លី​នៅក្នុង​សង្គម និង​ជំរុញដល់ការអភិវឌ្ឍ​ប្រទេសជាតិផងដែរ។

 

​ជាមួយគ្នានេះ លោកក៏បាន​ស្នើ​ដល់​បប្រជាពលរដ្ឋត្រូវផ្តល់​ការគាំទ្រ យោគយល់ និង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​ធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ អោយបាន​ជោគជ័យ​ និងឆាប់រហ័ស៕

adm

Leave a Reply

Your email address will not be published. Required fields are marked *