ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងទទួលថវិកាវិភាគទាន ពីមន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាក្រុង-ស្រុក និងសប្បុរសជននានា ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាល និងទទួលថវិកាវិភាគទាន ពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងសប្បុរសជននានា ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៏” ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមប្រតិបត្តិសាខា អនុសាខា ទាំងអស់នៅក្នុងខេត្តកណ្ដាល ដែលបានអនុវត្តយ៉ាងផុសផុល និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែល ជួបនូវគ្រោះមហន្តរាផ្សេងៗ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងសប្បុរសជននានា ដែលបានផ្ដល់ថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយ និងការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តអនុវត្តការងារមនុស្សធម៌នេះ និងជួយដល់បងប្អូនប្រជាពលរដ្ឋ ដែល ជួបនូវគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានសន្យា និងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តពង្រឹងភាពធន់សហគមន៍។

សូមបញ្ជាក់ផងដែរថា ថវិកាដែលមន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាក្រុង-ស្រុក និងសប្បុរសជន បានជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីអបអរខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ នេះ សរុបចំនួន ៧៦,០០០,០០០រៀល និងប្រាក់ដុល្លារចំនួន ៣៣,៣៧៧ដុល្លារ ដោយឡែកថវិកាសមាជិកភាពទ្រទ្រង់របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ចំនួន៥៧,៥៧១,០០០រៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *