ព័ត៌មានជាតិ

មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យក្នុងឃុំជ្រៃលាស់ទទួលបានវគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលគណៈកម្មការរដ្ឋបាលស្ដីពីតួនាទីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៥ភូមិក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាលជូនដល់ មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យគឺដើម្បីអោយយល់ច្បាស់ពីនីតិវិធីការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងចរាចរណ៍ណែនាំតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតក្នុងសាលាឃុំជ្រៃលាស់។

 

លោកព្រំឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានមានប្រសាសន៍ថា៖គណៈកម្មការដែលទទួលបានវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវត្រងត្រាប់ស្តាប់ និងយកចិត្តទុកដាក់សិក្សារៀនសូត្រ សហការជាមួយមន្រ្តីសុរិយោដីដែលចុះមកវាស់វែងដីជូនប្រជាពលរដ្ឋនៅ ឃុំជ្រៃលាស់នៅថ្ងៃខាងមុខនេះ​អោយទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។

 

លោក ព្រំ ឆាត បានថ្លែងបន្តថា៖ ការបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺដើម្បីអោយលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនិតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។

 

លោកបានអំពាវនាវដល់ លោកមេភូមិ ឃុំ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នាដោយអោយពួកគាត់រៀបចំនៅឯកសារពាក់ព័ន្ធទាំងអស់ រួមមាន៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារផ្សេងៗ ដែលជាប់ទាក់ទងក្នុងការវាស់វែងដីនេះដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។

 

លោកបានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់ត្រូវខិតខំបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញ។

 

ថ្លែងក្នុងឱកាសនោះ លោក ម៉ិល ម៉ារឌី អភិបាលរងស្រុកពញាឮ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះដើម្បីចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយបានប្រសើរឡើង។

 

លោក បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវកំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដីជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។ជាពិសេសពាក់ព័ន្ធនឹងដីធ្លីនេះត្រូវអោយបងប្អូនប្រជាពលរដ្ឋត្រៀមនៅ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើមដើម្បីអោយក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង។

 

លោកអភិបាលរងស្រុកបានរំលឹកដល់គណកម្មការរដ្ឋបាល​ដែលមានសមាសភាព​ ឃុំ​ ភូមិ ត្រូវពិនិត្យអោយបានត្រឹមត្រូវនូវ​តួលេខ​ដីរដ្ឋ​ សាលារៀន​ វត្ត​ បឹង​ ព្រែក​ ដែលមាននៅក្នុងមូលដ្ឋាន​ដេីម្បីនៅពេលដែលប្រកាសតំបន់វិនិច្ឆយ័ក្នុងឃុំ​ ត្រូវកំណត់អោយច្បាស់លាស់​ថាតេីមានផ្ទៃដីប៉ុន្មានត្រូវចូលក្នុងបញ្ជី​ ផ្ទៃដីប៉ុន្មានដែលត្រូវត្រៀមធ្វេីការអភិវឌ្ឍន៏ក្នុងឃុំតាមផែនការរបស់ស្រុកនាពេលខាងមុខ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *