ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើនបានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ភិឆិត ប៊ុនសុត ឯកអគ្គរាជទូត និងជាអនុប្រធានស្ថាន បេសកកម្មស្ថានទូតថៃដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ

 

 

នៅក្នុងជំនួបនោះ ឯកឧត្តម គួច ចំរើន បានជម្រាបជូនថាកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២កន្លងមក រដ្ឋបាលខេត្តក៏បានទទួលគណៈប្រតិភូកងទ័ពជើងទឹកថៃ ធ្វើទស្សនកិច្ចនៅកម្ពុជា ពិសេសការចូលចតនាវាចម្បាំងនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

 

បើតាមឯកឧត្តម គួច ចំរើន បានជម្រាបជូនបន្ថែមថាខេត្តព្រះសីហនុ បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តពីរ របស់ព្រះរាជាណាចក្រថៃ មានខេត្តត្រាត និងខេត្តចន្ទបូរី ហើយខេត្តត្រាតយើងបានចុះ MOU រួចហើយ ក៏ប៉ុន្តែខេត្តចន្ទបូរី មិនទាន់បានចុះ MOU នៅឡើយ តាមរយៈបេសកកម្មរបស់ឯកឧត្តមអគ្គរាជទូត នឹងជួយជម្រុញខេត្តចន្ទបូរីចុះ MOU ជាមួយខេត្តព្រះសីហនុនៅពេលខាងមុខ។

 

ឯកឧត្តម អភិបាលខេត្តបានបន្តទៀត ថាមុនពេលផ្ទុះជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានបញ្ជូនឆ្មាំសមុទ្រទៅបណ្តុះបណ្តាលនៅព្រះរាជាណាចក្រថៃបានចំនួនមួយវគ្គរួចមកហើយ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តស្នើសុំភាគីថៃជួយបណ្តុះ បណ្តាលជំនាញឆ្មាំសមុទ្រដល់កម្ពុជាឱ្យកាន់តែមានជំនាញបន្ថែមទៀត។ ហើយថ្មីៗនេះមានបណ្តឹងពីពលករថៃចូលមកធ្វើការនៅខេត្តព្រះសីហនុ មកកាន់អាជ្ញាធរខេត្ត ពាក់ ព័ន្ធនឹងថៅកែបង្ខំធ្វើការងារ ឬចាញ់បោកមេខ្យល់នាំមកធ្វើការនៅខេត្តព្រះសីហនុដោយខុសច្បាប់ ក្នុងនោះអាជ្ញាធរខេត្ត បានចុះទៅជួយអន្តរាគមន៍ដល់ពលករថៃបានជាបន្តបន្ទាប់ និងបានបញ្ជូនពួកគេត្រឡប់ទៅព្រះរាជាណាចក្រថៃវិញ។

 

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ឯកឧត្តមអគ្គរាជទូតថៃ ជួយជម្រុញបើកជើងហោះហើរត្រង់ពីប្រទេសថៃ មកកាន់ខេត្តព្រះសីហនុ និង បានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងនោះរាជរដ្ឋាភិបាលបានផ្តល់ថវិកា និង ធនធានមនុស្សធ្វើការអភិវឌ្ឍលើវិស័យសាធារណៈមានផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ព្រមទាំងការវិនិយោគលើវិស័យផ្សេងៗ ដើម្បីបង្កើនការងារជូនយុវជន។

 

ឯកឧត្តម ភិឆិត ប៊ុនសុត ឯកអគ្គរាជទូត និងជាអនុប្រធានស្ថាន បេសកកម្មស្ថានទូតថៃ ប្រចាំព្រះរាជាណចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលអនុ ញ្ញាតឱ្យប្រតិភូចូលជួបពិភាក្សាការងារ។ សម្រាប់ឯកឧត្តម ខេត្តព្រះសីហនុមានសក្តានុពល មានការអភិវឌ្ឍ វិនិយោគលឿនឆាប់រហ័ស ម្យ៉ាងទៀតប្រទេសទាំងពីរមានព្រំប្រទល់ជាប់គ្នា យើងត្រូវធ្វើការរួមគ្នាជាច្រើន ពិសេសការចុះ MOU ក្នុងការទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍កាន់ឱ្យតែមានភាពងាយស្រួល។ ជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងការកោតសរសើរដល់កម្ពុជា ដែលបានអនុវត្តវិធានការទប់ស្កាត់កូវីដបានល្អ ក្នុងការបើកប្រទេស បើកធុរកិច្ច និងបើកសេដ្ឋកិច្ចឡើងវិញ។

 

ឯកឧត្តមអគ្គរាជទូតថៃ ក៏ស្មើសុំឯកឧត្តមអភិបាលខេត្ត ជួយគាំទ្រកំពង់ផែឧកញ៉ាម៉ុង កែវផុស ស្រុកស្ទឹងហាវ ព្រោះវាមានការវិនិយោគពីក្រុមហ៊ុនថៃ។ ជាមួយគ្នានេះ ឯកឧត្តមសន្យាថា នឹងខិតខំជម្រុញឱ្យមានជើងហោះហើរត្រង់ពីបាងកក មកកាន់ខេត្តព្រះសីហនុឡើងវិញ។ ជាងនេះទៅទៀតនោះ មានពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃមានចំនួនច្រើន ប្រសិនពួកគាត់លើស VISA ខាងអាជ្ញាធរថៃនឹងជួយសម្របសម្រួល។ ឯកឧត្តម ក៏បានថ្លែងអំណរគុណអាជ្ញាធរខេត្តព្រះសីហនុ ដែលបានជួយអន្តរាគមន៍ពលករថៃខុសច្បាប់ នៅខេត្តព្រះសីហនុនាពេលកន្លងមក បានទាន់ពេលវេលា ដោយយើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្តទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *