ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព បណ្តាញកម្មករក្រៅប្រព័ន្ធ និងតំណាងពលករនៅក្រៅប្រទេសសរុបប្រមាណជា ៣០០០នាក់ ដើម្បីអបអរសាទរខួបទី១៣៦ ទិវាពលកម្មអន្តរជាតិ ០១ឧសភា នៅវិមាន៧មករា ស្នាក់ការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែចាត់ទុកកម្មករនិយោជិតគឺជាកម្លាំងចលករដ៏ធំ និងសំខាន់សម្រាប់ប្រទេសជាតិ ហើយតែងតែដាក់ខ្លួនបម្រើបងប្អូនកម្មករនិយោជិត តាំងពីដើមរៀងមក គ្រប់កាលៈទេសៈ និងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា។ ជាក់ស្តែង មុនពេលមានករណីរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសបានចំនួន ៧៧លើក ស្មើនឹងកម្មករនិយោជិតប្រមាណជាង ១លាននាក់ ហើយសម្តេចតេជោ តែងតែណែនាំដល់គ្រប់មន្ត្រីគណបក្សឱ្យចុះជួប និងរៀបពិធីផ្សេងៗដើម្បីរំឮកខួប និងភ្ជាប់ទំនាក់ទំនងល្អជាមួយបងប្អូនកម្មករនិយោជិត។